ជនជាតិជ្វីហ្វ

Jump to navigation Jump to search
ជនជាតិ​ជ្វីហ្វ
អាល់បឺត អែងស្តែង ស្ស៊លអ៊ែម អេឡេយស្ស៊ឹម ម៉ាក្ស ឆាហ្គល អ៊ែមី ណូទ័រ
មេនម៉ូណាយ្ស បារើហ្ស ស្ពែនីអូហ្សា ណាតាលី ផត្តមិន ហ្វ្រេង្ស កាហ្កា
ជួរទី១: អាល់បឺត អែងស្តែង  · ស្ស៊លអ៊ែម អេឡេយស្ស៊ឹម  · ម៉ាក្ស ឆាហ្គល  · អ៊ែមី ណូទ័រ ជួរទី២: មេនម៉ូណាយ្ស  · បារើហ្ស ស្ពែនីអូហ្សា  · ណាតាលី ផត្តមិន  · ហ្វ្រេង្ស កាហ្កា
ប្រជាជនសរុប
13,746,100

កាលណា​គេ​និយាយ​ពី​អរិយធម៌​នៃ​តំបន់​មេឌីទែរ៉ាណេ​សម័យបុរាណ គេ​មិន​អាច​មិននិយាយ​​បានទេ អំពី​ប្រវត្តិ​របស់​ជនជាតិ​តូចមួយ ក៏ប៉ុន្តែ ដែល​មាន​ឥទ្ធិពល​ខ្លាំង នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ ជាពិសេស ឥទ្ធិពល​ខាង​មនោគមន៍វិជ្ជា​សាសនា។ នោះគឺ ជនជាតិជ្វីហ្វ។ ការស្វែងយល់​អំពី​ជនជាតិជ្វីហ្វ​សម័យបុរាណ​ក៏​ជា​មូលដ្ឋាន​ដ៏សំខាន់​ដែរ ដើម្បីយល់​ពី​ជម្លោះ​​នៅ​ដើមបូព៌ា​នាពេល​បច្ចុប្បន្ន​នេះ។

ជនជាតិជ្វីហ្វ​សម័យបុរាណ​នោះ ថ្វីដ្បិត​តែ​រស់នៅ​ក្បែរឆ្នេរសមុទ្រ ក្នុង​តំបន់​មេឌីទែរ៉ាណេ ក៏ប៉ុន្តែ មិនមែន​ជា​អ្នក​ជំនាញ​ខាង​ដើរសមុទ្រ​ ដូចអរិយធម៌​មេឌីទែរ៉ាណេផ្សេងទៀត ដូចជា ក្រិក កោះក្រែត និង​ហ្វេនីស៊ី​នោះទេ។ ជនជាតិ​ជ្វីហ្វ​សម័យដើម គឺ​ជា​ជាជនជាតិ​ដែល​រស់នៅ​តាម​បែប​កុលសម្ព័ន្ធនៃ​​មនុស្ស​សម័យបុរេប្រវត្តិ ដោយផ្លាស់ទី​ពី​កន្លែងមួយ ទៅកន្លែងមួយ នៅ​ចន្លោះ​​​ប្រទេស​អេហ្ស៊ីប​ និង​មេសូប៉ូតាមី។

ប្រវត្តិ​នៃ​​​ប្រជាជាតិ​ជ្វីហ្វ​បាន​ចាប់ផ្តើម​ឡើង កាល​ពី​ជាង ៣ពាន់ឆ្នាំ​មុន នៅពេលដែល​ជនជាតិ​ជ្វីហ្វ​ភៀសខ្លួន​ចេញ​ពី​ភាព​ជា​ទាសករ​នៅ​អេហ្ស៊ីប ហើយ​ធ្វើ​ដំណើរ​កាត់តាម​វាលរហោស្ថាន​ ឆ្ពោះទៅកាន់​ទឹកដី​កាណាន (អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បច្ចុប្បន្ន)។ ដំណើររឿង​ ដែល​ត្រូវ​បាន​រ៉ាយរ៉ាប​យ៉ាង​ក្បោះក្បាយ នៅ​ក្នុង​គម្ពីរ​តូរ៉ា (Torah) របស់​ពួក​ជ្វីហ្វ និង​នៅ​ក្នុង​សញ្ញាចាស់​នៃ​គម្ពីរប៊ីប​របស់​គ្រឹស្ត​សាសនា។ ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្ត និង​អ្នក​បុរាណវិទ្យា​នៅតែ​មិនទាន់​មាន​ការឯកភាព​គ្នា​នៅឡើយ ជុំវិញ​ដំណើររឿងនេះ។

នៅ​ក្នុងទឹកដី​កាណាន ជនជាតិ​ជ្វីហ្វ (ឬ​ហេព្រើ) បាន​ចាប់​របរ​កសិកម្ម បង្កើត​ជា​រដ្ឋ រួចហើយ​បាន​សាងសង់​បុរី​ជាទីសក្ការៈមួយ គឺ​ទីក្រុង​យេរូសាឡឹម។ នៅ​ខាងត្បូង​ទីតាំង​ដែល​ជនជាតិ​ជ្វីហ្វ​រស់នៅ មាន​ជនជាតិ​មួយទៀត​ ដែល​ជា​សត្រូវ​របស់​ពួក​ជ្វីហ្វ គឺ​ជនជាតិ​ហ្វ៊ីលីស្ទីន។

ក្រុងយេរូសាឡឹម​របស់​ពួកជ្វីហ្វ​​ត្រូវ​បាន​ពួក​បាប៊ីឡូន​កម្ទេច​ចោល នៅ​ឆ្នាំ​៥៨៨​មុនគ.ស ហើយ​ជនជាតិជ្វីហ្វ​ទាំងអស់​ត្រូវ​បាន​គេជម្លៀស​ចេញ​ពី​ទឹកដី​កំណើត យក​ទៅ​បាប៊ីឡូន រហូតក្រោយ​ពេល​ដែល​អាណាចក្រ​ពែរស៍​វាយដណ្តើម​កាន់កាប់​បាប៊ីឡូន ទើប​អធិរាជ​ពែរស៍​អនុញ្ញាត​ឲ្យ​ជនជាតិ​ជ្វីហ្វ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេវិញ។

ក៏ប៉ុន្តែ នៅ​ឆ្នាំ​៦៣​មុនគ.ស ទឹកដីអ៊ីស្រាអែល​ ក៏​ដូចជា​ទឹកដី​ភាគច្រើន​ផ្សេងទៀត នៅ​ក្នុង​តំបន់ ត្រូវ​បាន​​អាណាចក្រ​រ៉ូម​ចូល​កាន់កាប់​ត្រួតត្រា។ ​ជនជាតិ​​ជ្វីហ្វ​មិនសុខចិត្ត​ទ្រាំ​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អាណាចក្រ​រ៉ូម ក៏​​​បាន​នាំគ្នា​ងើបឡើង​​បង្កើត​ជា​ចលនា​បះបោរ​នឹង​អាជ្ញាធរ​នៃ​អាណានិគម​រ៉ូម។ ក៏ប៉ុន្តែ ចលនាបះបោរ​នេះ​ត្រូវ​បាន​ទាហាន​រ៉ូម​វាយបំបាក់។ ក្រុងយេរូសាឡឹម​ត្រូវ​បាន​វាយកម្ទេច​ចោល។ ​ជនជាតិ​ជ្វីហ្វ​ទាំងអស់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទឹកដី​កំណើត​សាជាថ្មីម្តងទៀត ហើយ​​ដែនដី​អ៊ីស្រាអែល​ទាំងមូល​ត្រូវ​បាន​អាណាចក្រ​រ៉ូម​ប្តូរ​ឈ្មោះ​​​​ទៅជា​ដែនដី​ប៉ាឡេស្ទីនវិញ។ ការ​ដែល​អាណាចក្រ​រ៉ូម​ប្តូរឈ្មោះ​ដែនដី​អ៊ីស្រាអែល​ទៅ​ជា​ប៉ាឡេស្ទីន​នេះ ទំនង​ជា​មាន​បំណង​ចង់​ដាក់ទោស​ដល់​ជនជាតិ​ជ្វីហ្វ ដោយសារ​តែ​ “ប៉ាឡេស្ទីន” គឺ​ជា​ឈ្មោះ​ក្លាយ​ពី “ហ្វ៊ីលីស្ទីន” ដែល​​ជា​ជនជាតិ​រស់នៅ​ខាងត្បូង​ជាប់នឹង​ទឹកដី​​អ៊ីស្រាអែល ហើយ​​ជា​​សត្រូវ​ចាស់ឆ្នាំ​របស់​ពួក​ជ្វីហ្វ។

ចាប់តាំង​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​អាណាចក្រ​រ៉ូម កាល​ពី​ជាង ២ពាន់​ឆ្នាំមុន ជនជាតិ​ជ្វីហ្វ​​ត្រូវ​បែកខ្ចាត់ខ្ចាយ​​ទៅ​​រស់នៅ​ជា​សហគមន៍​ជនជាតិ​ជ្វីហ្វ​នៅ​បរទេស ហើយ​លែងអាច​វិលត្រឡប់​ទៅកាន់​ទឹកដី​កំណើត បង្កើត​ជា​ប្រទេស​ជាតិវិញ​ជារៀងរហូត។ នៅ​ក្នុង​អំឡុង​ពេលនោះ អស់រយៈពេល​ប្រមាណ​ជា ២ពាន់​ឆ្នាំ​ ទឹកដី​អ៊ីស្រាអែល (ដែល​ប្តូរឈ្មោះ​ទៅជា​ប៉ាឡេស្ទីន) លែង​ស្គាល់​ឯករាជ្យ ដោយ​ត្រូវ​មហាអំណាច​ប្តូរដៃគ្នា​គ្រប់គ្រង​ពីមួយ​ទៅមួយ ក្នុងនោះ​ភាគច្រើន​គឺ​ក្រោម​ការ​កាន់កាប់​របស់​មហាអំណាច​កាន់សាសនា​អ៊ីស្លាម។ ចុងក្រោយ នៅ​ដើម​សតវត្សរ៍​ទី២០​ ទឹកដី​ប៉ាឡេស្ទីន​នេះ ត្រូវ​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ចក្រភព​អង់គ្លេស។

រហូត​ដល់​ក្រោយ​សង្រ្គាម​លោក​លើកទី២ សហគមន៍​ជ្វីហ្វ​​នៅ​បរទេស​បាន​នាំគ្នា​​វិលត្រឡប់​ទៅទឹកដី​កំណើតវិញ ហើយ​នៅ​ឆ្នាំ​១៩៤៧​ ក្រោយ​ពី​អង់គ្លេស​បាន​សម្រេច​បញ្ចប់​​អាណាព្យាបាលលើ​ដែនដី​ប៉ាឡេស្ទីន មហាសន្និបាត​អ.ស.ប​បាន​ចេញ​សេចក្តីសម្រេច បែងចែក​ដែនដី​ប៉ាឡេស្ទីន​ជា​រដ្ឋ​ឯករាជ្យពីរ គឺ​រដ្ឋ​មួយ​សម្រាប់​ជនជាតិ​អារ៉ាប់​ប៉ាឡេស្ទីន និង​រដ្ឋមួយ​ទៀត​ សម្រាប់​ជនជាតិ​ជ្វីហ្វ។

សេចក្តីសម្រេច​បែងចែក​ទឹកដី​ប៉ាឡេស្ទីន​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន ២ភាគ៣ ប៉ុន្តែ គ្រប់​ប្រទេស​អារ៉ាប់​ទាំងអស់ សុទ្ធតែ​បោះឆ្នោត​ប្រឆាំង ដោយ​ពួកគេ​ជំទាស់​​មិន​ចង់​ឲ្យ​បង្កើត​រដ្ឋ​សម្រាប់​ពួកជ្វីហ្វ ដែល​គេ​ចាត់ទុក​ថា​ជា​ជន​បរទេស​រស់​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ពីព្រោះ​ថា នៅ​ពេលនោះ នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ មាន​ជនជាតិ​ជ្វីហ្វ​រស់នៅ​តែ​ប្រមាណ​ជា ៣៧%​ប៉ុណ្ណោះ។

ផ្ទុយ​ពី​ជនជាតិ​អារ៉ាប់ សហគមន៍​ជនជាតិ​ជ្វីហ្វ​វិញ​បាន​នាំគ្នា​អបអរ​សាទរ​ចំពោះ​សេចក្តីសម្រេច​​បែងចែក​ទឹកដី​​ប៉ាឡេស្ទីន​នេះ ហើយ​នៅខែ​ឧសភា ​ឆ្នាំ​១៩៤៨ ពួកជ្វីហ្វ​នៅ​ប៉ាឡេស្ទីន​ក៏​បាន​ប្រកាស​បង្កើត​រដ្ឋ​ឯករាជ្យ​ជាផ្លូវការ ដោយ​ដាក់​ឈ្មោះ​ថា “រដ្ឋ​អ៊ីស្រាអែល”។ មួយថ្ងៃ​ក្រោយ​អ៊ីស្រាអែល​ប្រកាស​បង្កើត​រដ្ឋឯករាជ្យ​ កងទ័ព​មក​ពី​បណ្តា​ប្រទេស​អារ៉ាប់​នៅ​ក្នុង​តំបន់ រួមមាន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ាក់ អេហ្ស៊ីប រួមជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​អារ៉ាប់​ប៉ាឡេស្ទីន ក៏​បាន​បើក​ការ​វាយប្រហារ​លើ​រដ្ឋ​អ៊ីស្រាអែល ដែល​ទើប​នឹង​បង្កើត​ថ្មី​នេះ។

សង្រ្គាម​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “សង្រ្គាមឯករាជ្យ” ហើយ​វា​ជា​សង្រ្គាម​មួយ ក្នុង​ចំណោម​សង្រ្គាម​ធំៗ​ទាំង ៤ រវាង​អ៊ីស្រាអែល និង​អារ៉ាប់។ ថ្វីដ្បិត​តែ​មាន​ចំនួន​ទ័ព​តិចជាង​គូសត្រូវ អ៊ីស្រាអែល​តែងតែ​យក​ឈ្នះ​លើ​ប្រទេស​អារ៉ាប់ នៅ​គ្រប់​សង្រ្គាម​ទាំងអស់នេះ ហើយ​នៅរៀងរាល់​លើក​​ដែល​អ៊ីស្រាអែល​ឈ្នះ​សង្រ្គាម អ៊ីស្រាអែល​បានដណ្តើម​កាន់កាប់​ដែនដី​មួយផ្នែក​របស់​គូសត្រូវ។ ចាប់ពីពេលនោះ​មក គឺ​ដល់​វេន​អ៊ីស្រាអែល​ម្តង ដែល​ច្រានចោល​ដំណោះស្រាយ​ស្នើ​ឡើង​ដោយ​អ.ស.ប ដែល​ជាហេតុ​ធ្វើ​ឲ្យ​ជម្លោះ​នៅដើមបូព៌ា​ត្រូវ​អូសបន្លាយ​ពេល​រហូតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ។

នៅមុន​សម័យកាល​ជ្វីហ្វ គ្រប់សាសនា​ទាំងអស់ នៅ​ទូទាំង​ពិភពលោក គឺ​ជា​សាសនា​ដែល​មានតួអង្គ​​ព្រះ​ច្រើនអង្គ។ មនុស្ស​ជាតិ​នាំគ្នា​គោរព​ព្រះអាទិត្យ ព្រះចន្ទ ផ្កាយ ឬ​សមុទ្រ ថា​ជា​ព្រះ ហើយ​នាំគ្នា​សង់​រូបសំណាក​តំណាង​តួអង្គ​ព្រះ ដើម្បី​ជា​ទីសក្ការៈ។

​ជនជាតិ​ជ្វីហ្វ​​បាន​​បង្កើត​មនោគមន៍​វិជ្ជា​សាសនាថ្មីមួយ​​ ដែល​​មាន​ជំនឿ​ថា ព្រះ​មាន​តែ​មួយ​អង្គ​គត់ គឺ “​ព្រះជាម្ចាស់” ​ដែល​ជា​អ្នក​បង្កើត និង​​មាន​អំណាច​លើ​អ្វីៗ​ទាំងអស់​នៅក្នុង​ចក្រវាល​ទាំងមូល។ ព្រះអាទិត្យ ព្រះចន្ទ ផ្កាយ ឬ​សមុទ្រ ដែល​គេ​ធ្លាប់តែ​គោរព​បូជា​ពីមុន​មក​នោះ មិនមែន​ជា​ ​ព្រះ​នោះទេ ហើយ​ថា មនុស្ស​ត្រូវ​តែ​បោះបង់​ការ​គោរព​រូបសំណាក​ព្រះ ហើយ​បែរ​មក​គោរពបូជា​ “ព្រះពិត” វិញ។

ការបង្កើត​​សាសនា​ថ្មីនេះ គឺ​ជា​របត់​ថ្មី​ដ៏សំខាន់​​មួយ នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​មនុស្ស។ តាមជំនឿថ្មីនេះ ធម្មជាតិ​​លែង​​ជា​ព្រះ​ដូចជា​គេ​ធ្លាប់​ជឿពីមុន​ទៀត​ហើយ។ ធម្មជាតិ គឺ​ជា​អ្វី​ដែល​ព្រះពិត​បាន​បង្កើត​ឡើង ហើយ​ដែល​ព្រះ​ដាក់​ឲ្យ​ស្ថិត​ក្រោម​អំណាច​របស់​មនុស្ស។ ពេលវេលា​​មិនមែន​ជា​វាលវដ្តសង្សា ​វិលវល់​ដូចកង់រទេះ កើតចាស់​ឈឺស្លាប់​ ហើយ​ចាប់ជាតិ​មកវិញ​នោះទេ។ ពេលវេលា​​ធ្វើ​ដំណើរ​ទៅមុខ​ជានិច្ច ដោយ​មិន​អាច​វិលត្រឡប់​ថយក្រោយ​វិញ​បានទេ ហើយ​នៅ​ថ្ងៃអនាគត អ្វីៗ​អាច​នឹង​ប្រសើរ​ឡើង ប្រសិនបើ​គេ​ខិតខំ​ប្រឹងប្រែង។​ ដូច្នេះ មនុស្ស​មិន​ត្រូវ​ផ្តេកផ្តួល​រង់ចាំ​វាសនា ហើយ​ក៏​មិនត្រូវ​​ផ្អែក​លើ​ទស្សនៈ "កម្មផល" ដោយ​មើល​ទៅលើ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ថា​ជា​ផល​ ដែល​បាន​ពី​កម្ម​ ដែល​បាន​ប្រព្រឹត្ត​ពី​មុន​នោះដែរ។ មនុស្ស​ចាំបាច់​ត្រូវ​តែ​ចេះ​រើបម្រះ ងើបឡើង​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ដោយ​មិន​ត្រូវ​នៅ​ស្ងៀម ទ្រាំ​ទទួល​រងការ​ជិះជាន់ ដោយ​ចាត់ទុក​ថា​វា​ជា​កម្មផល​របស់​ខ្លួន​ពី​ជាតិមុន​នោះទេ។

ដោយសារ​តែ​មាន​ផ្នត់គំនិត​បែបនេះ​ហើយ ទើប​ជនជាតិ​ជ្វីហ្វ ដែល​ជា​ជនជាតិ​តូចមួយ​ហ៊ាន​ងើបឡើង​តវ៉ា​ប្រឆាំង​នឹង​ការជិះជាន់​របស់​អាណាចក្រ​រ៉ូម។ ការតវ៉ា​បះបោរ ដែល​ធ្វើ​ឲ្យ​ជនជាតិ​ជ្វីហ្វ​ត្រូវ​អាណាចក្រ​រ៉ូម​បណ្តេញ​ចេញ​ពីទឹកដី​កំណើត ទៅរស់នៅ​រប៉ាត់រប៉ាយ គ្មាន​ស្រុក គ្មាន​ទេស​នឹងគេ​អស់រយៈពេល​រាប់ពាន់​ឆ្នាំ។ ក៏ប៉ុន្តែ ផ្នត់គំនិត​នេះ​បាន​ជះឥទ្ធិពល​​ដល់​មនុស្ស​យ៉ាងច្រើន​រហូត​​មកដល់​សព្វថ្ងៃ​នេះ ជាពិសេស ចំពោះ​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​លោកខាងលិច ដែល​មាន​ជំនឿ និង​វប្បធម៌​តាមបែប​ជ្វីហ្វ ឬ​​គ្រឹស្តសាសនា៕

ឯកសារយោង

អត្ថបទទាំងស្រុងពីគេហទំព័រ វិទ្យុបារាំង ជាខេមរភាសា http://www.khmer.rfi.fr/history-of-jewish-people

The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.