ជំងឺទឹកដក់ក្នុងភ្នែក

Jump to navigation Jump to search

អ្វីជាជំងឺទឹកដក់ក្នុងភ្នែក?

ជំងឺទឹកដក់ក្នុងភ្នែក គឺជាក្រុមជំងឺភ្នែកដែលសំពាធទឹកនៅក្នុងភ្នែកកើនឡើងខ្ពស់ជាងធម្មតា ជាហេតុធ្វើអោយខូចទៅដល់សរសៃប្រសាទរបស់ភ្នែក (សរសៃអុបទិច) ដែលជាសរីរាង្គដែលងាយនឹងខូចពេលសំពាធទឹកក្នុងភ្នែកកើនឡើងកាន់តែខ្ពស់។

មូលហេតុនៃជំងឺទឹកដក់ក្នុងភ្នែក

នៅក្នុងភ្នែកមនុស្សយើង មានចលនាទឹកផលិតនិងមានចលនាពីបន្ទប់ ក្រោយមកបន្ទប់មុខនៃភ្នែកហើយបន្ទាប់មកទឹកនេះស្រូបចូលនៅក្នុងសរសៃវ៉ែន ដើម្បីរក្សាសំពាធទឹកធម្មតា។ ក្នុងករណីជំងឺទឹកដក់ក្នុងភ្នែកដោយមានការស្ទះនៅក្នុងប្រព័ន្ធសំរូបទឹកនេះ ធ្វើអោយបាត់នូវតុល្យភាពរវាងការផលិតទឹក និងសំរូបទឹកនេះធ្វើអោយសំពាធទឹកក្នុងភ្នែកកើនឡើងខ្ពស់។ ប្រសិនបើពុំមានការព្យាបាលទាន់ពេលវេលា នោះនឹងធ្វើអោយមានការបាត់បង់គំហើញជារៀងរហូត។

តើនរណាខ្លះអាចកើតជំងឺនេះ?

  • មនុស្សចាស់ចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ នឹងមានប្រវត្ដិគ្រួសារធ្លាប់មានជំងឺទឺកដក់ក្នុងភ្នែក។
  • អ្នកជំងឺអ៊ីពែមេត្រូប និងមានបន្ទប់មុខនៃភ្នែករាក់។
  • អ្នកជំងឺភ្នែកមីញ៉ូបខ្ពស់ ទឹកនោមផ្អែម ជំងឺឡើងបាយភ្នែក និងជំងឺលើសឈាម។

រោគសញ្ញា

  • ការឈឺចុកចាប់នៅជុំវិញភ្នែកពេលចេញពីកន្លែងងងឹត និងជួនកាលឈឺក្បាលខ្លាំងព្រមទាំងមានក្អួតដែលភាគច្រើនកើតមាននៅពេលយប់។
  • មើលឃើញរង្វង់ឥន្ធនូនៅជុំវិញភ្លើង នៅពេលយប់ឧស្សាហ៍ផ្លាស់ប្ដូរវ៉ែនតាសម្រាប់អានសៀវភៅ មានអាការៈឈឺក្បាល ភ្នែកឡើងក្រហម កូនក្រមុះរីក និងគ្មានប្រតិកម្មនឹងពន្លឺ។
  • គំហើញថយចុះដោយពន្លឺមិនគ្រប់គ្រាន់ដូចជានៅពេលយប់។
  • បាត់បង់ដែនគំហើញបន្ដិចម្ដងៗពេលជំងឺវិវត្ដន៍កាន់តែយូរ។
  • មើលមិនច្បាស់។

ការព្យាបាល

ការព្យាបាលដោយឪសថ

ការបាត់បង់គំហើញបណ្ដាលមកពីជំងឹទឹកដក់ក្នុងភ្នែកមិនអាចព្យាបាលអោយធម្មតាវិញបានទេ។ ជាចាំបាច់ការព្យាបាលគឺដើម្បីរក្សាគំហើញដែលនៅសេសសល់អោយគង់វង្សបានយូរ។ អាស្រ័យហេតុនេះ អ្នកជំងឺត្រូវដាក់ថ្នាំបន្ដក់ទាំងអស់ ដែលចេញដោយវេជ្ជបណ្ឌិតអោយបានទៀងទាត់ និងមកពិនិត្យឡើងវិញតាមការណាត់ជួបជាដាច់ខាត។

ការព្យាបាលដោយកាំរស្មី

ចក្ខុបណ្ឌិតអាចជ្រើសរើសការព្យាបាលដោយកាំរស្មីឡាស៊ែរក្នុងករណីជំងឺទឹកដក់ក្នុងភ្នែកដែលមានមុំបិទ និងដើម្បីការពារកុំអោយកើតជំងឺនេះ។

ការព្យាបាលដោយការវះកាត់

ចក្ខុបណ្ឌិតអាចជ្រើសរើសធ្វើការវះកាត់ ដើម្បីថែរក្សាគំហើញរបស់ភ្នែក និងកុំអោយមានការវិវត្ដន៍កាន់តែធ្ងន់ធ្ងរឡើង។

ប្រភេទផ្សេងៗនៃជំងឺទឹកដក់ក្នុងភ្នែក

ជំងឺទឹកដក់ក្នុងភ្នែកមានពីរប្រភេទសំខាន់ៗ

  • ប្រភេទមុំបិទដោយមានសំពាធទឹកក្នុងភ្នែកកើនឡើងខ្ពស់ឆាប់រហ័ស និងធ្វើអោយមានការឈឺចុកចាប់មួយចំហៀងក្បាលយ៉ាងខ្លាំង អាចមានការក្អួតចង្អោរ និងភ្នែកឡើងក្រហម គំហើញថយចុះខ្លាំង។
  • ប្រភេទមុំបើក សំពាធទឹកកើនឡើងមិនសូវខ្ពស់ និងមិនមានការឈឺចុកចាប់គំហើញថយចុុះបន្ដិចម្ដងៗ។

តើត្រូវធ្វើដូចម្ដេចដើម្បីដឹងពីជំងឺទឹកដក់ក្នុងភ្នែក?

អ្នកជំងឺដែលសង្ស័យថា កើតមានជំងឺទឹកដក់ក្នុងភ្នែកត្រូវមកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យភ្នែក ដោយគ្រូពេទ្យឯកទេស។ ចក្ខុបណ្ឌិតអាចធ្វើការវាស់ពីកំរិតសំពាធទឹកក្នុងភ្នែក និងពិនិត្យមើលសរសៃបាតភ្នែក ដើម្បីកំណត់ពីជំងឺនេះបាន ក្រៅពីនេះគេធ្វើការវាស់ដែនគំហើញដោយឧបករណ៍ទំនើបនៅក្នុងមន្ទីរពេទ្យភ្នែក។

ប្រការចងចាំ

  • ជំងឺទឹកដក់ក្នុងភ្នែកមិនអាចព្យាបាលអោយជាសះស្បើយវិញបានទេ គ្រាន់តែជួយមិនអោយខូចភ្នែកកាន់តែធ្ងន់ធ្ងរថែមទៀត
  • គំហើញដែលបាត់បង់ដោយសារជំងឺទឹកដក់ក្នុងភ្នែក មិនអាចព្យាបាលមករកសភាពដើមវិញបានទេ
  • ជំងឺទឹកដក់ក្នុងភ្នែកមិនមែនជាជំងឺឆ្លង ប៉ុន្ដែវាអាចជាតំណរពូជ។ ប្រសិនបើនៅក្នុងគ្រួសារ មានអ្នកកើតមានជំងឺទឹកដក់ក្នុងភ្នែក សូមអោយសមាជិកគ្រួសារផ្សេងទៀតទៅពិនិត្យភ្នែក។
  • ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលាជាមធ្យោបាយមួយសម្រាប់បង្ការការបាត់បង់គំហើញ
  • ត្រូវប្រើប្រាស់ថ្នាំអោយបានទៀងទាត់តាមវេជ្ជបញ្ជានិងមកពិនិត្យឡើងវិញអោយបានទៀងទាត់។[១]
  1. ខិតបណ្ណផ្សព្វផ្សាយរបស់មន្ទីរពេទ្យព្រះអង្គឌួង
The article is a derivative under the Creative Commons Attribution-ShareAlike License. A link to the original article can be found here and attribution parties here. By using this site, you agree to the Terms of Use. Gpedia Ⓡ is a registered trademark of the Cyberajah Pty Ltd.